ដើម្បីម៉ែ

“អូយ…អូយ!​ ”

សំលេងថ្ងួចថ្ងូរចេញពីការឈឺឆ្មេញរបស់ម៉ែ ធ្វើអោយគាត់មិនអាចសំរាន្តបានលក់ស្រួល ដែល តាមពិតទៅគាត់ឈឺធ្មេញយូរខែមកហើយ ខ្ញុំក៏ដឹងច្បាស់ដែរថាធ្មេញរបស់គាត់ពុក តែខ្ញុំក៏គ្មានមធ្យោបាយយកគាត់ទៅមន្ទីរពេទ្យដើម្បីព្យាបាល ប្រាកដណាស់ថា ប្រាក់ខែខ្ញុំមិនគ្រប់ថ្លៃ ធ្វើធ្មេញតែ តែលើកនេះ ខ្ញុំពិតជាទ្រាំលែងបានហើយ។

“ម៉ែ…ម៉ែទៅរកពេទ្យទៅ”

ម៉ែនៅតែប្រើដៃឆ្វេងខ្ទប់ថ្ពាល់ខាងឆ្វេងជាប់ ៖

“តាមតែវាទៅ ធ្មេញមួយគ្រាប់ៗ ថ្លៃៗណាស់”

“ទៅៗម៉ែ ខ្ញុំឃើញម៉ែបែបនេះ ខ្ញុំទ្រាំមិនបានទេ”

ទ្រនិចនាឡិកាចង្អុលចំម៉ោង ៨ព្រឹក ខ្ញុំតេទៅសុំច្បាប់ពីកន្លែងធ្វើការ ដើម្បីនាំម៉ែទៅគ្លីនិកជិតផ្ទះ ព្រោះ បើទៅពេទ្យរដ្ឋ គឺត្រូវប្រើពេលវេលាយូរ។

ដើរផុតមាត់ច្រក ហើយបត់ឆ្វេងបន្តិចក៏ឃើញអាគារបីជាន់ ខ្ញុំក៏នាំម៉ែចូលទៅខាងក្នុង។ នៅអំឡុងពេលដែលអង្គុយចាំម៉ែ ខណៈពេលដែលគាត់ចូលទៅក្នុងបន្ទប់ ខ្ញុំក៏យកទស្សនាវត្តីមកមើល តែបន្តិចក្រោយមកទ្វារបន្ទប់ដែលម៉ែដើរចូលទៅក៏ត្រូវបើកចេញមកវិញ ដោយមានបុរសរាងតូចរូប ស្អាត ញញឹមចេញធ្មេញសស្អាតមរកខ្ញុំ ហើយក៏និយាយរឿងតំលៃជាមួយខ្ញុំ។ ដោយសារធ្មេញរបស់ម៉ែ ឈឺយូរខែ វាធ្វើអោយធ្មេញឈឺរាលដាលដល់ធ្មេញជិតខាង ទើបធ្វើអោយចំនួនធ្មេញដែលត្រូវដូរមាន ច្រើន។

ខ្ញុំអង្គុយគិតមួយសន្ទុះ ងាកទៅឃើញម៉ែអង្គុយក្តោបថ្មាល់ម្ខាងធ្វើមុខឈឺចាប់ ក៏សំរេចចិត្ត អោយពេទ្យព្យាបាលហើយអោយប្រាក់កក់ខ្លះៗ ដោយសល់ចំនួនច្រើនទៀត គឺសុំជំពាក់សិន។ យើង ទាំងពីរដើរចេញពីមន្ទីរពេទ្យទាំងរកាំចិត្ត ខ្ញុំច្បាស់ជាត្រូវទៅខ្ចីលុយអ្នកណាម្នាក់ហើយ។

“កូនមិនចាំបាច់លំបាកដើម្បីម៉ែដល់ថ្នាក់នេះក៏បាន ប្រាក់ខែសឹងមិនគ្រប់ចាយទៅហើយ ម៉ែថា យករបស់បញ្ចាំចិត្តដែលពុកកូនទុកអោយម៉ែទៅលក់ ដើម្បីបានថ្លៃព្យាបាលក៏បានដែរ”

“មិនអីទេ រឿងតូចតាចទេ ម៉ែធ្វើចិត្តអោយសប្បាយទៅ ពេលនេះមិនឈឺធ្មេញទៀតទេ”

ខ្ញុំ និងម៉ែដើរយឺតៗ រហូតដល់ផ្ទះ ខ្ញុំពិតជាទាល់គំនិតមែនទែន គិតមិនឃើញទេថា តើត្រូវទៅ ខ្ចីលុយពីអ្នកណាបាន។

ពេលនេះនាឡិកាជញ្ជាំងចង្អុលប្រាប់ថាម៉ោង ២២ហើយ ខ្ញុំដេកលើជើងម៉ាវែង ដៃស្តាំអេះថ្ងាស។

“សួស្តី!” សំលេងហៅលឺរំពងត្រចៀក ធ្វើអោយខ្ញុំមានការភ្ញាក់ផ្អើលមែនទែន ព្រោះថាពេល នេះយប់ណាស់ទៅហើយ។

“ជួយបើកទ្ចារអោយបន្តិច”

សំលេងស្រែកបង្កូកលឺច្បាស់ចែស ទើបខ្ញុំអើតតាមបង្អូចទៅមើលអោយដឹងថាជាអ្នកណា តែ អ្ហេ…មានតែខ្ញុំម្នាក់ទេឬដែលបានលឺ?

មើលទៅដូចជាមនុស្សសក់ខ្លីក្រាស់ ហើយពាក់វ៉ែនតាដូចខ្ញុំដែរ ដូចជាធ្លាប់ឃើញ។ ហាក់ដូច ជាមានអ្វីបណ្តាលចិត្ត ទើបខ្ញុំរត់ចុះទៅបើកទ្វារអោយដោយមិនបាច់សួរនាំ ព្រោះគេម្នាក់នោះគឺសុ ផល ដែរខ្ញុំខានជួបគេ ៥ឆ្នាំហើយទេដឹង វាដូចជាធ្លាប់មានអ្វីម្យ៉ាងកើតឡើងចំពោះគេ តែខ្ញុំនឹកមិនឃើញ។

“ហឹ ហឺ សួស្តីកែវ!”

“ចា សួស្តី ចូលមកខាងក្នុងសិនម៉ោ!”

“បាទ, អរគុណ!”

ខ្ញុំនាំគេទៅក្នុងបន្ទប់ទទួលភ្ញៀវ គេអង្គុយនៅលើជើងម៉ា។

“ហឹ ហឹ មិនបាច់យកទឹកមកអោយខ្ញុំទេ ខ្ញុំគ្រាន់តែមកនិយាយរឿងធុរៈជាមួយនាង” គេហាមខ្ញុំ ពេលខ្ញុំបំរុងដើរទៅផ្ទះបាយ។

“អឺ អឺ បាន” ខ្ញុំដាក់បង្គុយលើជើងម៉ាដែលខ្ញុំដេកមុននេះ “ផលមានការអ្វីជាមួយនឹងខ្ញុំ!”

“បានលឺថានាងត្រូវការប្រាក់ដើម្បីព្យាបាលធ្មេញម្តាយរបស់នាងមែនទេ?”

ខ្ញុំភ្ញាក់ព្រើត ព្រោះថាមិនធ្លាប់ប្រាប់អ្នកណាទេ។

“ផល​ ផលដឹងបានយ៉ាងម៉េច?”

“អើយ មិនបាច់និយាយដេញដោលទេ នាងចាំមិនបានទេឬថាខ្ញុំត្រូវឡានបុកស្លាប់កាលពី៥ឆ្នាំ មុន? ”

ខ្ញុំកាន់តែភ្ញាក់ផ្អើលជាងមុនពេលដែលគេនិយាយដល់រឿងនេះទៅទៀត វាធ្វើអោយខ្ញុំសើរើរ ការចាចាំរបស់ខ្ញុំមកវិញ មែនហើយ​ ការខ្ញុំបានលឺថាគេត្រូវឡានបុកស្លាប់ខណៈដែលដើរឆ្លងផ្លូវ។

“ផល​ ផលទៅវិញទៅ កុំមកលងខ្ញុំ ចាំខ្ញុំដាក់បាតឧទ្ទិសកុសលអោយ!” ខ្ញុំលើកដៃប្រណម្យ ព្រមទាំងនិយាយដោយសំលេងញ័រញាក់បះរោមជ្រោងតាំងពីក្បាលដល់ចុងជើង។

“ហឺ ហឺ មិនបាច់ខ្លាច ព្រោះថាឃើញនាងមានបញ្ហាទើបមកជួយ”

“ជួ…ជួយ…ជួយយ៉ាងម៉េច”

“ខ្ញុំនឹងចេញលុយអោយនាងល្អទេ”

“មែន…មែនឬ”

គេងក់ក្បាល ញញឹមញញែម ៖

“តែ…ត្រូវមានការដោះដូរ”

“អីគេទៅ?”

“យើងធ្វើការអោយគ្នា ពេលនេះខ្ញុំជាខ្មោចមួយប្រភេទដែលចិញ្ចឹមរាងកាយដោយស៊ីសាច់ មនុស្សជាអាហារ”

“មានន័យថា…” ខ្ញុំបើកភ្នែកធំៗ ៕

“ហឹ ហឹ មែនហើយ បើនាងចងើបានលុយ គឺត្រូវតែដោះដូរនឹងរាងកាយផ្នែកខ្លះ”

“អឺ” ខ្ញុំស្ទាក់ស្ទើរ ។

“ខ្ញុំចង់ប្រាប់អោយដឹងថា ទំរាំតែពេទ្យធ្វើធ្មេញអោយម្តាយរបស់នាងរួច គឺមិនមែនអស់តិចទេ”

“មែនឬ”

“ហឹ​ ហឹ មែន ដូច្នេះហើយនាងត្រូវតែលះបង់អវៈយវៈអោយខ្ញុំ៥ផ្នែក ព្រមទេ?”

ខ្ញុំរឹះគិតមួយសន្ទុះ មើលទៅខ្ញុំគ្មានផ្លូវជ្រើសរើសផ្សេងពីនេះទេ។

“បាន! ដើម្បីម៉ែ ខ្ញុំធ្វើបាន”

“ល្អ …បើអញ្ចឹងខ្ញុំសុំដៃជើងទាំងអស់របស់នាង និងភ្នែកខាងឆ្វេងផងដែរ ពេលណាក៏បានដែល នាងអធិដ្ឋានដល់ចំនួនទឹកប្រាក់ លុយនឹងមាននៅក្នុងកាបូបនាង ហើយអវៈយវៈដែលជាចំនែករបស់ នាងនឹងប្រើការលែងកើត ទោះបីជាមើលឃើញថានៅល្អក៏ដោយ យល់ទេ!”

“អីគេ”

“គ្មានសំនើអីទៀតទេ នៅពេលដែលនាងឆ្លើយយល់ព្រមហើយនោះ គឺចាត់ទុកថាជាកិច្ចសន្យា អឺ ខ្ញុំទៅហើយ!”

រំពេចនោះគេក៏បាត់ទៅ ខ្ញុំងាកមើលឆ្វេងស្តាំ តេថាខ្មោចបិសាចនោះវាមានពិតមែនរឺ!

ការព្យាបាលធ្មេញរបស់ម៉ែដំណើរការទៅមកជានិច្ច គ្រប់ពេលដែលម៉ែដើរចេញពីបន្ទប់ធ្វើធ្មេញ ខ្ញុំមានសេចក្តីសុខណាស់ដែលឃើញគាត់បែបនេះ។

ថ្ងៃនេះត្រូវបូកសរុបលុយកាក់ម្តងហើយ បន្ទាប់ពីជំពាក់អស់ជាច្រើនថ្ងៃមកហើយ។

“ថ្ងៃនេះអោយ ២៥០ ដុល្លារមែនទេ” ពេទ្យស្រីនិយាយដោយស្នាមញញឹម។

ខ្ញុំងក់ក្បាល ហើយលូកហោប៉ៅខោដោយញ័រៗយកលុយចេញមកយឺតៗ ហុចទៅអោយនាង ហើយក៏ត្រូវអោយ ៣០០ដុល្លារទៀតជាថ្លៃជំពាក់។

“ចា នេះ”

រំពេចនោះ ពេលដែលពេទ្យស្រីកំពុងរាប់លុយ ដៃឆ្វេងរបស់ខ្ញុំក៏ចាប់ផ្តើមប្រើការមិនបានបន្តិច ម្តងៗ រហូតដល់មិនអាចលើកឡើងមកបាន ដែលមុននេះ ដៃស្តាំក៏ប្រើការមិនបានរួចទៅហើយ។

“កើតអីហ្នឹងកែវ មុខស្លេកម្ល៉េះ?”

“ចា មិនអីទេម៉ែ តោះយើងទៅ”

ខ្ញុំអោយម៉ែដើរទៅមុន សំណាងល្អដែលគាត់បើកទ្វារអោយ មិនអញ្ចឹងច្បាស់ជាត្រូវប្រើខ្លួនរុញ ទ្វារហើយ។

“ហឹ ហឺ មិនបាច់បារម្ភទេ ខ្ញុំទុកពេលអោយនាងដើរទៅដល់ផ្ទះ បើកាលណានាងឈានជើង ចូលផ្ទះហើយ ជើងទាំងពីរនឹងប្រើការលែងបានភ្លាម” សំលេងល្ហៀងៗ របស់ខ្មោចផល លឺរំពងក្នុង ត្រចៀកខ្ញុំ។

“អរ…អរគុណហើយដែលនៅមេត្តាខ្ញុំ”

“មិនអីទេ​ កែវ ចំជាកូនកតញ្ញូមែន” សំលេងសើចនោះលឺរំពងគ្រប់ពេល។

ខ្ញុំងាកទៅនិយាយជាមួយម៉ែ ៖

“អឹ ម៉ែ បានលឺលោកគ្រូពេទ្យប្រាប់ថា ថ្ងៃសៅរ៍នេះត្រូវទៅព្យាបាលជាលើកចុងក្រោយមែន ទេ?”

“មែនហើយ អឺ និយាយដល់រឿងនេះ ម៉ែក្រែងចិត្តកូនដល់ហើយដែលត្រូវលំបាកខ្ចីលុយមិត្ត ភក្តិបែបនេះ ពេលណាគេយកវិញទៅ? ”

ខ្ញុំញញឹម ៖ “មិនចាំបាច់និយាយពីរឿងនេះទេ មិត្តម្នាក់នេះគេមិនបន្ទាន់ពីរឿងលុយនេះទេ គេ យោគយល់”

ម៉ែងក់ក្បាល ហើយអង្អែលសក់របស់ខ្ញុំ រួចយើងដើរទៅមុខយឺតៗ ខ្ញុំក៏ចង់ដើរយឺតៗដែរ ព្រោះ យ៉ាងអន់ណាស់ក៏សុំដើរអោយបានយូរជាលើកចុងក្រោយ។

ដើលរមកដល់ផ្ទះ បើពេលណាដែលខ្ញុំដើរកាត់មាត់ទ្វារ ពេលនោះជាពេលដែលខ្ញុំត្រូវបាត់បង់ ជើងទាំងពីរភ្លាម។

“អូ ម៉ែ ថ្ងៃសៅរ៍នេះម៉ែទៅគ្លីនិកម្នាក់អែងទៅ ជួនអីខ្ញុំមិនទំនេរ”

“អញ្ចឹងរឺ អឺម បានៗ អ្ហេ ម៉េចមិនចូលមកកូន?”

“ចា ម៉ែចូលទៅមុនទៅ មិនចាច់បារម្ភពីខ្ញុំទេ”

ភ្លាមៗនោះពេលដែលខ្ញុំដើរកាត់មាត់ទ្វារ បន្ទាប់ពីម៉ែដើរចូលទៅ ហើយបើកទ្វារចោល ជើង ទាំងពីររបស់ខ្ញុំក៏ចាប់ផ្តើមអស់កំលាំងបន្តិចម្តងៗ តែខ្ញុំក៏ព្យាយាមដើរទៅមុខបន្ត។

“កើតអីអត់កូន​ ម៉េចក៏ដើរដូចមនុស្សពិការអញ្ចឹង?”

ខ្ញុំព្យាយាមលើកដៃស្តាំតែកំរើកមិនបាន បានតែទុកអោយដៃទាំងពីរនៅស្របនឹងខ្លួនដដែល ៖

“ម៉ែចូលបន្ទប់មុនទៅ ខ្ញុំឡើងទៅឥឡូវហើយ”

“មិនអីទេកូន ម៉ោះ…ម៉ែគ្រាកូនឡើងទៅ”

ម៉ែគ្រាខ្ញុំឡើងទៅដល់ជាន់លើ ហើយបើកទ្វារនាំខ្ញុំចូលទៅក្នុងបន្ទប់អោយទាល់តែបាន ខ្ញុំមាន អារម្មណ៍ថាកក់ក្តៅដែលបាននៅជិតម៉ែម្តងទៀត ខ្ញុំសប្បាយចិត្តដែលឃើញម៉ែមានសេចក្តីសុខ មិន បាច់ទ្រាំឈឺធ្មេញទៀត ទោះបីជាដៃជើងទាំងពីរត្រូវបាត់បង់ តែភ្នែកមើលឃើញថាល្អក៏ដោយ។

“កើតអីរឺអត់” ម៉ែដាក់ខ្ញុំលើគ្រែដេក។

“មិនស្រួលខ្លួនតិចតួច ថ្ងៃសៅរ៍ម៉ែទៅម្នាក់អែងបានទេណ+

“បានៗ កូន”

“ម៉ែមិនបាច់បារម្ភពីខ្ញុំទេ ខ្ញុំសុខសប្បាយទេ”

ខ្ញុំអធិដ្ឋានសុំលុយ ១០០ដុល្លារ និងអោយវាប្រាកដនៅក្បែរខ្លួនខ្ញុំ។

“ម៉ែជួយយកលុយនៅក្បែរខ្លួនខ្ញុំបន្តិច ម៉ែជួយយកលុយនេះទៅអោយពេទ្យថ្លៃព្យាបាលចុង ក្រាយផង”

ម៉ែលូកដៃទៅយកលុយដោយអាការៈញ័រៗ ៖

“អ្ហេ កែវដាក់លុយនៅត្រង់នេះពីអង្កាល់”

“មុននេះបន្តិច”

ពេលម៉ែកាន់លុយហើយក៏ដើរចេញទៅ ខ្ញុំក៏ដេកលក់ដោយភាពនឿយហត់។

សំលេងនាឡិការោទិ៍ជួយដាស់អោយខ្ញុំភ្ញាក់ពីដំនេកអោយទាល់តែបាន ត្របកភ្នែកសន្សឹមៗ ក៏ បើកឡើងមក ហើយក្រឡេកទៅមើលក៏ឃើញនាឡិកាប្រាប់ថាម៉ោងជាង១៩ និងពេលមើលទៅខាង មុខក៏ឃើញថា…គេ…

“ហឺ ហឹ ម៉េចហើយ លំបាកបន្តិចទេដែលត្រូវក្លាយជាជនពិការពេញមួយជីវិត”

“តាមតែវាទៅ ខ្ញុំទទួលយកសភាពបែបនេះបាន”

“អញ្ចឹងរឺ មែនអ្ហេស សល់ភ្នែកឆ្វេងមួយចំហៀងទៀតគឺអស់បំណុលហើយ ថ្ងៃនេះជាថ្ងៃព្រហ ស្បតិ៍្ត នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ”

“នែ…ផល ខ្ញុំសុំអ្វីម្យ៉ាងបានទេ”

“និយាយម៉ោ”

“ខ្ញុំមិនចង់អោយម៉េបារម្ភទេ ធ្វើបានទេអោយគាត់មិនគិតដល់ខ្ញុំទៀត ខ្ញុំមិនចង់អោយគាត់គិត ថាខ្លួនគាត់ជាអ្នកខុសដែលធ្វើអោយខ្ញុំលំបាកវេទនា

គេញញឹមសម ៖”

“បាន បើអញ្ខឹងចាប់ពីយប់នេះទៅម៉ែរបស់នាងនឹងមិនគិតដល់នាងទៀតទេ នាងនឹងបានដេក នៅក្នុងបន្ទប់នេះរហូតដល់ដាច់ខ្យល់ ហា ហា”

បន្ទាប់មកគេក៏បាត់ខ្លួនទៅ ចាប់តាំងពីពេលនេះទៅ ខ្ញុំប្រហែលជាបានដេកលក់ស្រួលខ្លួននៅ ក្នុងបន្ទប់នេះហើយ​ ក៏ល្អដែរដែលមិនចាំបាច់រវីរវល់នឹងរឿងខាងក្រៅនៅក្នុងពេលដែលគ្មានអារហារ គ្មានទឹក ខ្ញុំមិនចាំបាច់រងទុក្ខយូរយារពេកទេ។

នាឡិការោទិ៍បន្លឺសំលេងឡើង ពន្លឺព្រះអាទិត្យបានចាំងចូលមកតាមបង្អួច ថែមទាំងបានលឺសំ លេងបក្សីបក្សាស្រែកចេចចាចដូចរាល់ដង វាធ្វើអោយខ្ញុំភ្ញាក់ពីដំនេក។

សំលេងគោះទ្វារលឺឡើង ទើបខ្ញុំងើបចេញពីគ្រែដេកដោយសញ្ជាតិញាណ។ អ្ហេ…មើលទៅ ជើងទាំងពីររបស់ខ្ញុំនៅប្រីការបានដូចដើមទេ តើនេះវាមានន័យថាម៉េចទៅ?

ពេលទាញទ្វារបើក ក៏ឃើញម៉ែឈរនៅចំពោះមុខ គាត់ញញឹមបង្ហាញធ្មេញសក្បុសតំរៀបជា ជួរ។

“ម៉េចហើយកួន មិនបាច់បាត់បង់ដៃជើង និងភ្នែកទៀត”

“ម៉ែដឹងរឿងនេះដែរ?”

ម៉ែងក់ក្បាល ៖

“ម៉ែបានលឺការសន្ទនារបស់កូន និងខ្មោចកំណាចនោះ ទើបម៉ែហៅវាមកនិយាយជាមួយភ្លាម ហើយយល់ព្រមជាមួយវាថា នឹងប្រគល់ខ្សែកមាស និងកងដៃមាស ជាការដោះដូរ នឹងការបាត់បង់ដៃ ជើង ព្រមទាំងកែវភ្នែករបស់កូន ហើយវាក៏យល់ព្រមតាមសំរួល តទៅនេះខ្មោចនោះមិនមកតាមរំខាន កូនទៀតទេ សប្បាយចិត្តចុះ”

“ម៉ែ ម៉ែ នោះជារបស់បញ្ចាំចិត្តរបស់ពុកទុកអោយម៉ែ ម៉ែមិនគួរធ្វើបែបនោះឡើយ”

“ក្មេងល្ងង់…ជីវិតកូន រាងកាយកូនមានតំលៃជាងមាសប្រាក់ដែលម៉ែបាត់បង់ទៅទៀត គ្មានឪពុក ម្តាយណាដែលថាមិនស្រលាញ់កូននោះទេ”

ខ្ញុំស្ទុះទៅអោបម៉ែ មានអារម្មណ៍ថាខ្ញុំដូចជាបានជីវិតត្រលប់មកវិញ។

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: