ទូរសព្ទ័ និងការស្លាប់

“ម្ហូបមិនឆ្ងាញ់រឺលោក”

“អឹ…អត់…អត់ទេ”

ខ្ញុំព្យាយាមទប់ចិត្តអោយស្ងប់ ហើយតបទៅនាក់រត់តុ ដើម្បីអោយគេដើរចេញទៅ តែមើលទៅ គេមិនព្រមដើរចេញទៅណាសោះ ទឹកមុខគេមានការសង្ស័យនឹងអាការៈនៅមិនស្ងៀម ចង់ងើបបន្តិច ចង់អង្គុយបន្តិចរបស់ខ្ញុំ មើលចេញពីការដែលគេឈរនៅក្បែរតុ ហើយចងចិញ្ចើមមើលដូចជាចង់ដឹង ថា ហេតុអ្វីក៏ខ្ញុំបែកញើសទាំងដែលអាកាសធាតុត្រជាក់សឹងអីបែបនេះ។

“បើលោកមិនចូលចិត្ត អាចហៅថ្មីបាន”

“មិនទេ មិនទាក់ទង​ មិនទាក់ទងរឿងម្ហូបទេ” ដោយសំលេងញ័រៗ។

“បើអញ្ចឹងសុំទោសផងដែររំខាន បើមានអីអោយបំរើ គឺហៅខ្ញុំបាន”

ខ្ញុំមើលទៅអ្នករត់តុដែលលំទោនដាក់ មុននឹងបែរខ្នងហើយដើរចេញទៅ។ នៅក្នុងចិត្តពេលនោះពោរពេញដោយអារម្មណ៍ជាច្រើនយ៉ាង ទាំងខ្លាច ទាំងរសាប់រសល់ទាំងអាណិត អ្នករត់តុម្នាក់នោះ នៅពេលនេះប្រហែលជាមានតែខ្ញុំម្នាក់ទេដែលដឹងថា…

អ្នករត់តុម្នាក់នោះមានជីវិតរស់នៅលើលោកនេះបានមិនប៉ុន្មានម៉ោងទៀតទេ!

ខ្ញុំដឹង…!

 

កាលពីនៅក្មេង ខ្ញុំរស់នៅឯខេត្ត ហើយចូលចិត្តទៅរត់លេងនៅវត្តជាមួយមិត្តភក្តិ។ នៅវត្តនោះ សំបូរចាស់ៗមកពីចំងាយមកស្នាក់នៅណាស់ ពួកគាត់តែងតែណែនាំថា ខ្លួនឯងជាគ្រូទាយ ហើយក៏ ចាកចេញទៅតំបន់ផ្សេងៗទៅ។ ខ្ញុំឃើញគ្រូទាញទាំងនោះបានលុយយ៉ាងច្រើនពីនាក់ភូមិ ធ្វើអោយខ្ញុំ គិតថា ពេលធំឡើងចង់ក្លាយជាគ្រូទាយដែរ ដើម្បីបានលុយច្រើន និងដឹងពីជោគជតារបស់មនុស្ស លោក តែហេតុការណ៍ចំលែកមួយបានកើតឡើងចំពោះខ្ញុំកាលពីពេលថ្មីៗនេះ វាធ្វើអោយខ្ញុំភ្នកចិត្តថា កាលដឹងពីជោគជតារបស់អ្នកណាម្នាក់ វាមិនមែនជាអ្វីដែលល្អនោះទេ…

 

រឿងនោះវាកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះឯង ថ្ងៃនោះខ្ញុំចូលដេកតាំងពីព្រលប់ ដោយដាក់ ទូរសព្ទ័ពីរគ្រឿងដែលទើបនឹងទិញទៅដាក់លើក្បាលគ្រែ។ មិនដឹងទេថា ខ្ញុំដេកលក់យូរប៉ុណ្ណា រហូត ដល់បានលឺសំលេងរបស់វារោទិ៍ ខ្ញុំងើបទាំងមមីមមើ ដើម្បីមកមើលអោយដឹងថាអ្នកណាតេមក គ្រាន់ តែប៉ុណ្ណោះក៏ធ្វើអោយខ្ញុំត្រជាក់ខ្លួនស្រេងស្វាងពីដំណេកភ្លាម…

ធ្លាប់បានលឺមកខ្លះៗដែរថា ទូរសព័្ទរោទិ៍កណ្តាលយប់ វាមិនមែនជារឿងល្អទេ លើកនេះឃើញ ច្បាស់នៅលើអេក្រង់មានរូបភាពរបស់ប្រុសម្នាក់ដេកដាបដោយឈាមនៅលើដី នៅពីក្រោមរូបមាន អក្សរសរសេរថា ‘ចោរកំលោះអស់លក្ខណ៍ ធ្លាក់ចុះពីអាគារខណៈឡើងតាមបង្អួចទៅលួចខ្សែ-កមាស នៅបន្ទប់មួយ- នាពីរនាទីទៀត’

ខណះដែលខ្ញុំកំពុងតែងឿងឆ្ងល់នឹងរូបភាពនោះ ក៏លឺសំលេងមនុស្សស្រែកឡូឡានៅខាងលើ សំលេងមនុស្សស្រែកឡូឡានៅខាងលើ សំលេងមនុស្សរត់ សំលេងដែកត្រូវកាត់ដាច់ ខ្ញុំក៏ស្ទុះងើប ស្រវ៉ាយកវ៉ែនតាមកពាក់ ហើយបើកភ្លើងនៅក្បាលដំនេក មើលនាឡិកាឃើញថាម៉ោង ២ទៀងភ្លឺ។ សំលេងឡូឡាលឺជារឿយៗ រហូតដល់ខ្ញុំត្រូវងើបដើរទៅបើកទ្វារមើល យប់នោះមានអ្វីចំលែកៗ…

ទ្វារឈើបើកចេញយឺតៗ បរិយាកាសខាងក្រៅងងឹតឈឹង បន្ទប់ដែលខ្ញុំជួលជាផ្ទះឈើកំពស់ ពីរជាន់ នៅក្បែរនោះជាអាគារស្នាក់នៅកំពស់៨ជាន់ ខ្ញុំដើរចេញទៅតាមយ៉ សំលេងឡូឡាដូចជាស្ងាត់ ខ្លះហើយ តែខណះដែរខ្ញុំលើកដៃញីភ្នែកនោះ ក៏បានលឺសំលេងដែក និងឃើញអ្វីម៉្យាងធ្លាក់ចុះមក…

ផ្លាក់…!

ខ្ញុំលើកដៃដែលញីភ្នែកឡើង ហៅអោនមើលទៅខាងក្រោម រាងយកាយរបស់ប្រុសឈុតខ្មៅ ម្នាក់ដេកស្ពាបនៅលើដី ឈាមក្រហមច្រាលតាំងពីក្បាលដល់ចុងជើង នៅក្នុងដៃគេមានខ្សែកពីរខ្សែ វាដូចគ្នាបេះបិទនឹងរូបនៅក្នុងទូរសព្ទ័របស់ខ្ញុំ។

“អាចោរលូចនោះធ្លាក់ពីលើអាគារ”

“តាំងពីជាន់ទី ៨ បើមិនងាប់ទើបចំលែក”

“ហៅឡានពេទ្យ និងប៉ូលីសទៅ”

“ខ្សែកខ្ញុំនៅជាមួយវាអត់…”

ខ្ញុំងើយទៅមើល ឃើញអ្នកជាន់ទី៨ ដែលមើកចុះមក និយាយគ្នា។

យប់នេះគ្មានអ្នកណាម្នាក់បានដេកទៀតទេ ខ្ញុំនៅតែឈរនៅមាត់យ៉មើលក្រុមជួយសង្រ្គោះ ទើបនឹងមកដល់។ ពេលប៉ូលីសមកពិនិត្យមើលនិងយកសាកសពចេញទៅ ខ្ញុំក៏ដើរចូលបន្ទប់វិញ មើលឃើញទូរសព្ទ័នោះលើគ្រែ​ លើកវាមកមើលក៏ចំឡែកចិត្ត ព្រោះសារដែលឃើញនោះបានបាត់ទៅ ហើយ មិនថាជារកមើលក្នុងហ្វាល់ណាទេ។ ខ្ញុំដាក់ទូរសព្ទ័ចុះ ហើយមើលខ្លួនឯងនៅក្នុងកញ្ចក់ ឃើញ រោមនៅលើដៃបះជ្រោង នេះជាស្អីទៅ…

 

ចាប់តាំងពីថ្ងៃនោះមក ទូរសព្ទ័ថ្មីរបស់ខ្ញុំ តែជារបស់ចាស់របស់អ្នកណាក៏​មិនដឹង ក៏ក្លាយជាការ មើលឃើញផ្លូវនៃភាពភ័យខ្លាច វាបង្ហាញអោយឃើញនូវជោគជតារបស់អ្នកណាម្នាក់ដែលជិតដល់ ពេលបញ្ចប់ ហើយក៏ប្រាប់អោយដឹងទៀតថាមានម្នាក់ដើរមកដល់ហើយខណៈដែរខ្ញុំជិះតាក់ស៊ីកាត់ ផ្សារមួយ រូបភាពនៅក្នុងទូរសព្ទ័គឺជាមនុស្សដេកស្លាប់រណូករនេលដោយមានតំបូលធ្លាក់មកសង្កត់ តួរអក្សរ…

‘ផ្ទុះហ្គាសកណ្តាលផ្សារ ងាប់មនុស្សអស់ជាច្រើននាក់-នា១០នាទីខាងមុខ’

មើលមិនទាន់ចប់ស្រួលបួលផង វាក៏បាត់អស់ទៅហើយឡានក៏បើកកាត់ផ្សារល្មម។ រូបភាព ដែលខ្ញុំបានឃើញនៅពេលនោះគឺផ្សារទាំងមូលត្រូវផ្ទុះ ចិត្តមួយគិតថា វាគឺជារឿងពិត តែចិត្តមួយទៀត គិតថាខ្ញុំឆ្កួតហើយ រហូតទៅដល់កន្លែងធ្វើការ មើលពត៌មានក្នុងអ៊ិនធឺណែត ក៏ព្រឺសំបុរតែម្តង វាគឺជាការ ពិតមែន។

ខ្ញុំយកទូរសព្ទ័មកមើលសារនោះម្តងទៀត តែមិនឃើញសោះ ហើយបើយកទៅនិយាយអោយ អ្នកផ្សេងស្តាប់ក៏គេមិនជឿដែរ…

ហើយមានម្តងទៀតនោះ ខ្ញុំដើរបញ្រ្ចាស់ទិសនឹងស្រីម្នាក់នៅមាត់ថ្នល់ វាក៏រោទិ៍ឡើង ហើយរូប ភាពនៅក្នុងនោះគឺរួបស្រីម្នាក់នោះដេកស្លាប់លើគ្រែ ដោយមានប៉ូលីសកំពុងប្រមូលភស្តុតាង អក្សរ សរសេរថា…

‘ស្រីធ្វើការនៅការិយាល័យ លេបថ្នាំសំលាប់ខ្លួនបញ្ឈឺសង្សារ- នាពេលបីថ្ងៃខាងមុខ’

ហើយបីថ្ងៃក្រោយមកក៏មានកាសែតចុះថា មានព៍ត៌មានបែបនោះមែន។

ទូរសព្ទ័របស់ខ្ញុំទៅជាអ្វីទៅ ហេតុអ្វីបានអាចប្រាប់ពីហេតុការណ៍នាពេលអនាគតបាន ហើយ ហេតុអ្វីបានវាអាចប្រាប់បានតែអ្នកជិតស្លាប់ ចង់យកវាទៅអោយអ្នកកាសែត រឺគ្រូនៅមហាវិទ្យាល័យ មើលក៏មិនបាន ព្រោះគ្មានភស្តុតាងតបន្សល់ទុក ទើបអ្វីដែលខ្ញុំធ្វើបាននាពេលនេះ គឺបានតែអង្គុយ មើលវាដោយប្រុងប្រយត្ន័…វានឹងរោទិ៍ឡើងដោយមានរូបភាពចំលែកៗ នៅពេលណាទៀត…

 

ហើយថ្ងៃនេះនៅក្នុងភោជនីយដ្នាន វាក៏រោទិ៍ឡើងនៅពេលដែលអ្នករត់តុម្នាក់លើកអាហារមក អោយខ្ញុំ វាមានរូបអ្នករត់តុនោះត្រូវឡានបុកគួរអោយព្រឺព្រួចដោយមានអក្សរសរសេរថា…

‘ឡានធំបើកបុកកំលោះអាយុ ២៣ឆ្នាំ អោយស្លាប់នៅនឹងកន្លែង-​ នា៦ម៉ោងទៀត’

រូបភាពនៅក្នុងអេក្រង់បានបាត់ទៅ ខ្ញុំមើលទៅគេម្នាក់នោះដែលឈរកៀនហាង ហើយបក់ដៃ ហៅគេ។

“បាទបង”

“ប្អូនប្រុស…” ខ្ញុំដកដង្ហើមយ៉ាងវែង ហុច៥ដុល្លារទៅអោយគេ។

“បងអោយ ល្ងាចនេះកុំដើរទៅផ្ទះ ជិះតាក់ស៊ីទៅជីវិតរបស់ប្អូនកំពុងតែមានគ្រោះថ្នាក់”

“បងជាគ្រូទាយរឺ” គេបើកភ្នែកធំៗ។

“អត់ទេ…”

“ចុះម៉េចក៏បងដឹង”

“យ៉ាងណាក៏ដោយជិះតាក់ស៊ីទៅផ្ទះទៅ”

“អរគុណច្រើនបង”

អ្នករត់តុនោះលើកដៃសំពះ ហើយដើរចេញទៅ ខ្ញុំដកដង្ហើមធំខណៈដែលតាមមើលគេពី ក្រោយ សង្ឃឹមថាលុយ ៥ដុល្លារអាចជួយមនុស្សបានម្នាក់។

តែវាក៏ធ្វើមិនបាន…ខ្ញុំមើលព័ត៌មានពេលព្រឹក ក៏ឃើញថាឡានដឹកទំនិញមួយ​ បានបុកអ្នកដើរ តាមផ្លូវម្នាក់ស្លាប់ សឹងមិនបាច់មើលទេថាអ្នកណាជាអ្នកស្លាប់ គេស្ថិតនៅក្នុងឯកសណ្ឋានរបស់ហាង ដែលខ្ញុំទៅពីម្សិលមិញដេកស្លាប់នៅក្បែរផ្លូវដូចសាកសពអ្វីម្យ៉ាង មិនគួរឡើយ…គេប្រហែលជាចង់ សន្សំសំចៃហើយ មិនគួរទេ…

ខ្ញុំចុចម៉ៅបិទព័ត៌មាននោះ ភ្នែកមើលទូរសព្ទ័ដោយការភ័យខ្លាច សំណាងហើយដែលថ្ងៃនេះវា មិនទាន់រោទិ៍ទៀត តែ…នោះ…នោះវារោទិ៍ហើយ។

នៅខណះដែលខ្ញុំស្ទុះស្ទាបំរុងមើលវាដែលដាក់នៅក្បាលដំណេក ក៏មានសំលេងគោះទ្វារ សំលេងនោះវាធ្ងន់ និងគួរអោយខ្លាច ដូចម្ចាស់បំនុលតាមរកកូនបំនុលឃើញអញ្ចឹង ខ្ញុំមើលទៅទូរសព្ទ័ និងទ្វារឆ្លាស់គ្នា មិនថាទៅខាងណាមុន តែខ្ញុំក៏សំរេចចិត្តស្រែករាក់ទាក់ ហើយរត់ទៅបើកទ្វារ បុគ្គល ដែលឈរនៅពីមុខនេះ ធ្វើអោយខ្ញុំភាំងយ៉ាងយូរ…

បុរសឈុតខ្មៅពីរនាក់នោះមើលមកខ្ញុំ ក្នុងកែវភ្នែកពណ៌ខ្មៅវាមានពន្លឺមិនដូចកែវភ្នែកមនុស្ស ធម្មតាទេ ទោះអាកាសក្តៅក៏ខ្ញុំមានអារម្មណ៍ត្រជាក់ចំលែកដែលទទួលបានពីបុរសទាំងពីរ។

“ពួកលោក…”

“សុំទូរសព្ទ័មួយនោះវិញ”

ទូរសព្ទ័…ម៉េចពីរនាក់នោះដឹងរឿងទូរសព្ទ័របស់ខ្ញុំ?

“អីគេដែរ”

“យើងមកយកទូរសព្ទ័មួយនោះវិញ លោកមិនសមគួរនឹងគ្រប់គ្រងវាទេ”

“និយាយអីហ្នឹង ខ្ញុំមិនដឹងរឿងទេ”

“កុំអោយខាតពេលទៀត”

បុរសឈុតខ្មៅដើរជ្រែកខ្លួនខ្ញុំចូលទៅខាងក្នុង ខ្ញុំខំប្រឹងតតាំងនឹងគេដែរ តែជឿដែរទេ ថាគ្រាន់ តែគេលើកដៃមកទះក្បាលខ្ញុំ ខ្ញុំក៏ស្រុតខ្លួនទៅអង្គុយលើឥដ្ឋ វាដូចជាមានចំហាយត្រជាក់ចេញពីបាត ដៃរបស់គេចូលមកក្នុងរាងកាយខ្ញុំ ធ្វើអោយនៅឆ្កឹងមួយរយៈ បានត្រឹមតែពីរនាក់នោះចូលទៅក្នុងបន្ទប់ បានយ៉ាងងាយ មួយភ្លេតក្រោយមកពួកគេក៏ដើរចេញមកវិញ។

“កុំ ទូរសព្ទ័របស់ខ្ញុំ…”

“វាមិនមែនជារបស់អ្នកណាម្នាក់ទេ”

ខ្ញុំមើលទៅទូរសព្ទ័ដែលពួកគេយកវាចេញទៅ វានៅតែរោទិ៍មិនឈប់ ហើយរូបភាពនៅក្នុងអេ ក្រង់ធ្វើអោយខ្ញុំភាំងយ៉ាងយូរម្តងទៀត។

ប្រុសពីរនាក់នោះបានចេញទៅយ៉ាងស្ងៀមស្ងាត់បាត់យូរហើយ ទុកអោយខ្ញុំអង្គុយដកដង្ហើម ផឺតផតៗ ផ្អែកនឹងទ្វារដោយកំលាំងកំហែងបានត្រលប់ចូលមកក្នុងខ្លួនវិញបន្តិចម្តងៗ ប្រហែលជាមួយ ម៉ោងជាង​ ខ្ញុំក៏ប្រឹងងើបឈរ ហើយដើរទៅលុបមុខ ហើយចូលមកអង្គុយអស់កំលាំងនៅលើគ្រែ រូបភាពដែលបានបង្ហាញនៅលើអេក្រង់ទូរសព្ទ័នៅតែដិតជាប់នឹងកែវភ្នែកខ្ញុំ…

វាគឺជារូបភាពរបស់ខ្ញុំនេះឯង……!?!?!?!

ចាប់តាំងពីថ្ងៃនោះមក ខ្ញុំក៏ធ្លាក់ទៅក្នុងសភាពភ័យខ្លាចរហូត មិនបានអានសារនៅក្នុងនោះទេ ថា ខ្ញុំស្លាប់ព្រោះអ្វី និងពេលណា។ ខ្ញុំព្រមទទួលថា ធ្លាប់ឃើញការស្លាប់របស់អ្នកដ៏ទៃ តែពេលឃើញ ថាដល់វេនខ្លួនឯង ដែលមានសភាពដូចមនុស្សលង់ទឹកស្លាប់ ក៏កាន់តែមានការប្រយត្ន័ប្រយែងចំពោះ ការធ្វើដំណើរ។

រសៀលថ្ងៃមួយខ្ញុំដើរចេញពីបន្ទប់ជួលដោយមានការប្រុងប្រយត្ន័ មិនហ៊ានដើរចូលទៅជិតប្រ ភពទឹកទេ សូម្បីតែស្ពានតូចៗ ក៏ខ្ញុំមិនហ៊ានផង។

មុននឹងដើរទៅក្នុងហាងបាយ​ខ្ញុំក៏នឹកចំលែកចិត្តដែលឃើញទឹកហូរកាត់ផ្លូវ លូប្រហែលជាបែក ហើយ ងាប់ហើយ…ទឹកទៀតហើយ…ចង់ដើរគេចទៅណាក៏មិនបាន តែបែបជាមិនអីទេដឹង។ ខ្ញុំមូល ជើងខោ ដើរចុះទៅក្នុងទឹកនោះ ដែលជ្រៅសមគួរ កាន់តែដើរកាន់តែខ្លាច…

ភ្លាមនោះខ្ញុំក៏មានអារម្មណ៍ថាពិភពលោកទាំងមូលដូចជាធ្លាក់ចុះយ៉ាងជ្រៅ អ្វីដែលបាននៅ ក្នុងចំរៀកវិនាទីនោះ គឺបានត្រឹមតែបើកភ្នែកធំៗ និងចំហមាត់ដោយការរន្ធត់ចិត្តដែលដែលខ្លួនឯងធ្លាក់ ចុះក្រោម បែបជាលូបើកគំរបចោល ក្នុងនោះងងឹតឈឹង មើលអ្វីមិនឃើញ មិនយូរប៉ុន្មានខ្ញុំក៏ឈ្លក់ទឹក ហើយដកដង្ហើមិនចេញ……

“ឃែកៗ ឃែក…”

ខ្ញុំស្ទុះងើប ហើយខ្អកខេះៗ ដកដង្ហើមផឺតផង មើលជុំវិញ ហើយថាដេកនៅក្នុងបន្ទប់ខ្លួនឯង ដែលមានភាពងងឹត យកដៃទះមុខ ក៏ឃើញថាស្ងួត ខ្ញុំមិនបានលង់ទឹក មិនបានចេញពីបន្ទប់ មិនបាន ជួបអ្នកណាទាំងអស់ ទាំងអស់នេះគឺជាការយល់សប្តិ…

ខ្ញុំអង្គុយតាំងសតិមួយសន្ទុះមុននឹងស្រវ៉ារកទូរសព្ទ័នៅលើក្បាលដំនេក បើរឿងទាំងអស់ជាការ ពិត ទូរសព្ទ័គឺមិននៅទីនេះទេ។

វានៅទីនោះ…នៅលើក្បាលដំនេក

ខ្ញុំយកវាមកក្តាប់ជាប់ និងដកដង្ហើមវែងៗ សំរេចថារឿងរ៉ាវកន្លងមក​ វាគឺជាសុបិន…សុបិន អាក្រក់មែនទេ ខ្ញុំមិនត្រូវបានស្លាប់ឡើយ មិនត្រូវដឹងថាអ្នកណាម្នាក់ស្លាប់ ទាំងអស់នេះគឺជាសុបិន ពុទ្ធោអើយ…

មុននឹងខ្ញុំបានញញឹម និងសើចអោយខ្លួនឯង ពេលនោះទូរសព្ទ័នោះក៏រោទិ៍​ និងមានពន្លឺឡើង​ មកខ្ញុំភ្ញាក់ព្រឺត សឹងនឹងធ្វើអោយវាធ្លាក់ពីដៃ ភាពភ័យខ្លាចដែលបានបាត់ទៅ ក៏ត្រលប់មកវិញដូចជា សុបិនដដែលជាដដែល តែខ្ញុំក៏ក្តាប់វាយ៉ាងណែន ហើយលើកមកមើលរូបភាពលើកនេះជាអ្វីទៀត…

រូបភាពបុរសឈុតខ្មៅដែលខ្ញុំធ្លាប់បានឃើញនៅក្នុងយល់សប្តិ ក៏ប្រាកដខ្លួនឡើងនៅលើអេ ក្រង់ ហើយសារដែលនៅក្រោមរូបភាពនោះសរសេរថា…

‘សុំទូរសព្ទ័មួយនេះវិញ -នា១នាទីទៀត’

ខ្ញុំសឹងនឹងអស់កំលាំងនឹងកាន់វានៅពេលដែលមានសំលេងគោះទ្វារ…វាជាសំលេងគោះធ្ងន់ៗ និងគួរអោយខ្លាចដូចនៅក្នុងយល់សប្តិអម្បាញ់មិញ ចំហាយត្រជាក់អ្វីម៉្យាងហោះចូលមកតាមប្រលោះ ក្រោយទ្វារ។

ទូរសព្ទ័រោទិ៍ឡើងម្តងទៀត ហើយរូបភាពរបស់ខ្ញុំក៏ប្រាកដឡើងនៅលើអេក្រង់ទូរសព្ទ័ផងដែរ…

 

Advertisements

2 responses to this post.

  1. ចង់ប្រាប់ថា ព្រឺ~~~~~~~~~~~~~~~~~~

    ឆ្លើយតប

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: